ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។
ធនាគារពិភពលោកបានលើកឡើងដូច្នេះនៅក្នុងរបាយការណ៍មួយ ក្រោមចំណងជើងថា “អនុសាសន៍សម្រាប់រៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី” (Recommendations to the National Roadmap for Electric Mobility Transition) ដែលចេញផ្សាយនៅថ្ងៃនេះ។ របាយការណ៍នេះ ផ្តល់នូវអនុសាសន៍សម្រាប់កិច្ចខិតខំបន្តរបស់កម្ពុជា ក្នុងការរៀបចំឡើងនូវក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី។ របាយការណ៍ក៏បានផ្តល់ទស្សនៈរួមមួយ ជុំវិញការរុករកមើលវិធីសម្រាប់ដំណើរងាកចេញពីទីផ្សារ ដែលគ្របដណ្ដប់ដោយយានយន្តប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលសុទ្ធតែត្រូវបាននាំចូលពីក្រៅ។ នៅក្នុងនោះមានផងដែរនូវអនុសាសន៍ថាតើគួរបង្កើនកម្រិតណា ទាំងតម្រូវការ និងការផ្គត់ផ្គង់យា���យន្តអគ្គិសនី (EVs) និងថាតើគួរត្រៀមខ្លួនដូចម្តេចខ្លះ សម្រាប់ការកើនឡើងនៃតម្រូវការថាមពលអគ្គិសនី ដែលចាំបាច់សម្រាប់សាកអាគុយយានយន្តអគ្គិសនី។
នៅខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមានអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូនគ្មានបំភាយកាបូន រួមបញ្ចូលគោលដែលមាន ៧០%នៃម៉ូតូ និង ៤០% នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជន ជាយានយន្តអគ្គិសនី នៅត្រឹមឆ្នាំ២០៥០។ លើសពីនេះ រដ្ឋាភិបាលបានកំណត់គោលដៅពង្រីកសមត្ថភាពនៃមធ្យោបាយដឹកជញ្ជូនសាធារណៈ ឱ្យបំពេញបានរហូតដល់ទៅ ៣០% នៃតម្រូវការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុង គិតត្រឹមឆ្នាំ២០៥០។ ស្របគ្នានឹងការបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួនយានយន្តសរុបដែលកំពុងធ្វើចរាចរនៅលើដងផ្លូវ តាមការប៉ាន់ស្មាន អាចនឹងកើនឡើងពី ៦លានគ្រឿង នាពេលបច្ចុប្បន្ន ទៅដល់ ៨លានគ្រឿង នៅឆ្នាំ២០៣០ និង ១៤លានគ្រឿង នៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ ចំនួនរថយន្តអគ្គិសនីដែលធ្វើចរាចរលើដងផ្លូវក្នុងប្រទេសកម្ពុជា មានតិចជាង ១ ០០០គ្រឿង ប៉ុណ្ណោះ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “គោលដៅនៃដំណើរឆ្ពោះទៅប្រើយានយន្តអគ្គិសនី គឺអាចសម្រេចបាន ហើយវានឹងជួយកម្ពុជាឈានទៅដល់គោលដៅអព្យាក្រឹតភាពកាបូនប្រកបដោយមហិច្ឆតារបស់ខ្លួន”។ លោកស្រីពោលបន្តទៀតថា៖ “ទោះជាយ៉ាងណាក៏ដោយ គោលដៅនេះទាមទារឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ។ ពិតណាស់ បច្ចុប្បន្នប្រជាជនកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនតាមរយៈការប្រើប្រាស់យានយន្តជជុះតម្លៃទាប ដែលនាំចូលពីបរទេស ប៉ុន្តែវាបាននាំមកនូវការខាតបង់ធំដល់បរិស្ថាន ហើយក៏នឹងក៏អាចជាឧបសគ្គមួយដល់ការកើនឡើងនូវការប្រើប្រាស់យានយន្តអគ្គិសនីផងដែរ។ យើងប្តេជ្ញាជួយរដ្ឋាភិបាលនៅក្នុងអន្តរការនេះ និងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាន នៅក្នុងដំណើរទៅមុខ។”
ដើម្បីធានាបានថាយានយន្តអគ្គិសនីមានវត្តមានធ្វើចរាចរលើដងផ្លូវ ច្រើនជាងយានយន្តប្រើសាំង ឬប្រេងម៉ាស៊ូត កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃការនាំចូល និងប្រើប្រាស់យានយន្ត ដោយប្រើវិធីសាស្រ្តរឹតបន្តឹងបន្តិចម្តងៗ។ នៅក្នុងនោះ គួរតែអនុវត្តគោលនយោបាយ ដែលតម្រូវលែងឱ្យមានយានយន្តដែលប្រើសាំង ឬប្រេងម៉ាស៊ូត ធ្វើចរាចរលើដងផ្លូវតទៅទៀត នៅពេលដែលអាយុកាលរបស់វាចូលដល់រយៈពេលជាក់លាក់ណាមួយ។ វិធីនេះនឹងបង្កើនតម្រូវការសម្រាប់យានយន្តថ្មី និងជួយបើកផ្លូវឱ្យយានយន្តអគ្គិសនីចូលក្នុងទីផ្សារឱ្យបានកាន់តែលឿន។ សម្រាប់រយៈពេលខ្លីខាងមុខ ម៉ូតូ និងយានកង់បីប្រើអគ្គិសនី ត្រូវបានរំពឹងទុកថានឹងដើរតួនាំមុខគេនៅក្នុងអន្តកាលឆ្ពោះទៅការប្រើយានយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា៖ “ការលើកកម្ពស់យានយន្តអគ្គិសនី ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការកាត់បន្ថយបំភាយកាបូនក្នុងការដឹកជញ្ជូន សម្រេចបាននូវមហិច្ឆតានៃការរួមចំណែកតាមការកំណត់របស់ជាតិ និងឈានដល់អព្យាក្រឹតភាពនៃកាបូននៅឆ្នាំ២០៥០។ លើសពីនេះទៀត វានឹងជួយកម្ពុជាក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតការងារ ទៀតផង។”
ការសិក្សានេះត្រូវបានគាំទ្រពីមូលនិធិប្រឹក្សាយោបល់ហេដ្ឋារចនាសម្ព័ន្ធរវាងផ្នែកសាធារណៈ និងឯកជន (PPIAF) ដែលជាមូលនិធិបរធនបាលកិច្ចពហុភាគីគ្រប់គ្រងដោយធនាគារពិភពលោក ផ្តោតលើការគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដោយមានការចូលរួមពីវិស័យឯកជន។